Tuesday, April 26, 2016

vannak

ចំណុច​សំខាន់ៗ​​ ​ដែល​មនុស្ស​​ភាគច្រើន​​មាន​វិប្បដិសារី​បំផុត​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​



ជាទូទៅ​ ​សិស្ស​ភាគ​ច្រើន​ចង់​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឲ្យ​បាន​ចប់​ ​​ដើម្បី​អាច​ធ្វើការ​​ដែល​ខ្លួន​ពេញ​ចិត្ត ​និង សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន​។ ​ប៉ុន្តែ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ហើយ​នោះ ​​មនុស្ស​ជាច្រើន​តែង​​មាន​វិប្បដិសារី​ទៅ​វិញ​ ​​ព្រោះ​ថា​អ្វីៗ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​។

​ខាង​ក្រោម​នេះ​ ​គឺ​ជា​​រឿង​ទាំង​មួយ​ចំនួន​ដែល​មនុស្ស​មាន​វិប្បដិសារី​ ​ក្រោយ​ពេល​រៀន​ចប់​៖​​

១) ​​ជ្រើសរើស​មុខវិជ្ជា ឬ ជំនាញ​ខុស​៖​​ ​មាន​មនុស្ស​មិន​តិច​ទេ​ ​ដែល​ពេល​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​នោះ​ ​​មិន​បាន​ដឹង​ច្បាស់​ថា ​​មុខវិជ្ជា​មួយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត ​និង ត្រូវ​ជាមួយ​​សមត្ថភាព​របស់​ខ្លួន ​ដោយ​រៀន​​ផ្អើល​តាម​គ្នា​ប៉ុណ្ណោះ​​​។​ ​ដូច្នេះ​ហើយ ​​ក្រោយ​ពេល​​បញ្ចប់​ការ​សិក្សា​ ​ ​ពួកគេ​មិន​អាច​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​រៀន​នោះ​ដើម្បី​ជា​ប្រយោជន៍​ សម្រាប់​ជីវិត​បាន​ដោយ​ងាយ​ឡើយ ​ព្រោះ​​ថា ​មាន​តែ​ក្រដាស​​មួយ​សន្លឹក​​ ​ដែល​បញ្ជាក់​ថា ​បាន​បង់លុយ​រៀន​អស់​៤​ឆ្នាំ​ប៉ុណ្ណោះ​។ ​ដូច្នេះ​ហើយ ​នៅ​ពេល​ចង់​សិក្សា​អ្វី​មួយ ​ត្រូវ​គិត​ឲ្យ​ច្បាស់​​ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ។ ​

២) ​ពូកែ​នៅ​សាលា តែ​ខ្វះ​បទពិសោធន៍​ក្នុង​សង្គម​៖ ​មាន​ករណី​ខ្លះ​កើត​ឡើង​ ​ដោយសារតែ​​​មនុស្ស​មួយ​ចំនួន​ ​បាន​ខិតខំ​រៀន​យ៉ាង​ខ្លាំង​នៅ​សាលា​ ​ហើយ​ក៏​មាន​លទ្ធផល​ជាទី​ពេញ​ចិត្ត​ផង​ដែរ​។ ​ប៉ុន្តែ​ពួកគេ​រវល់​តែ​ខិតខំ​រៀន​នៅ​តែ​សាលា ​ជាមួយ​មោទនភាព​ជ្រុល​របស់​ខ្លួន​ ​ដោយ​ភ្លេច​គិត​អំពី​ការ​រៀនសូត្រ​​​ក្នុង​សង្គម​ជាក់​ស្តែង​។ ​ក្នុង​ន័យ​នេះ​ ​មាន​ន័យ​ថា ​​ពួកគេ​មិន​បាន​សន្សំ​បទពិសោធន៍​ ​និង ​​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​ច្រើន​នោះ​ទេ​​​​ ​ពោល​គឺ​គិត​តែ​រៀន​ទ្រឹស្ដី​នៅ​សាលា​តែ​មួយ​មុខ​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ត្រូវ​ខក​ចិត្ត​នៅ​ពេល​រៀន​ចប់​ ​​​​ព្រោះ​ថា​​ ​​​​អ្នក​ខ្លះ​មិន​ពូកែ​ខ្លាំង​ណាស់ណា​ទេ​នៅ​សាលា ​ប៉ុន្តែ​ដោយសារ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ ​ក្នុង​ការ​​ធ្វើការ​ច្រើន​ក្នុង​សង្គម​ជាក់ស្តែង​នោះ ​ធ្វើ​ឲ្យ​ពួកគេ​ហាក់​ទទួល​បាន​ឱកាស​ការងារ​ល្អ​ជាង​អ្នកដទៃ​ទៅវិញ​។

៣) ​មិន​អាច​ធ្វើការ​ដែល​ជា​ក្តី​ស្រមៃ​ខ្លួន៖ ​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​​គឺ​នៅ​ពេល​ដែល​ពួកគេ​មិន​អាច​ធ្វើការ​ក្នុង​តំណែង​ ​ឬ ​ផ្នែក​ណា​មួយ​ដែល​ខ្លួន​ចង់បាន​ជា​យូរណាស់​មក​ហើយ។ ​ប្រការ​នេះ​អាច​បណ្តាល​​​មក​ពី​ចំណេះដឹង​ ​និង ជំនាញ​​​នៅ​មាន​កម្រិត​ ​​ហើយ​ពេល​ខ្លះ​ដោយសារតែ​ ​​ទីផ្សារ​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពេក​ដែល​មិន​ងាយ​នរណា​ម្នាក់​អាច​ ធ្វើ​បាន​។

៤) ​បរាជ័យ​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​៖ ​ផែនការ​ជីវិត​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ហើយ​មិនមែន​មាន​ន័យ​ថា ​រៀន​បាន​សញ្ញាបត្រ​ខ្ពស់​​គឺ​​ចេះ​រៀបចំ​ផែនការ​ជីវិត​ឲ្យ​បាន​ប្រសើរ​នោះ​ ឡើយ​។ ​មាន​មនុស្ស​ខ្លះ​មិន​ដឹង​ថា ខ្លួន​គួរ​ធ្វើ​អ្វី​ក្រោយ​ពេល​រៀន​ចប់​ ​​ហើយ​ក៏​មិន​ដឹង​ថា ​​ត្រូវ​ដើរតាម​ផ្លូវ​ណា​ដើម្បី​សម្រេច​តាម​ក្តី​​ប្រាថ្នា​របស់​ខ្លួន​ដែរ​ ។ បើ​បរាជ័យ​នៅ​សាលា​ ​មិនមែន​មាន​ន័យ​ថា ​អ្នក​បរាជ័យ​ក្នុង​ជីវិត​នោះ​ឡើយ ​ប៉ុន្តែ​បើ​បរាជ័យ​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​ ​នោះ​នាំ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​ការ​លំបាក​ជាច្រើន​៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :