ដើម្បីជោគជ័យក្នុងជីវិត និងសម្រេចក្ដីសុបិនដ៏ធំរបស់អ្នក
អ្នកត្រូវតែជម្នះការភ័យខ្លាចជាច្រើន។
ការភ័យខ្លាចមួយចំនួនមានឥទ្ធិពលខ្លាំងជាងការភ័យខ្លាចដទៃទៀត
ក្នុងការទាញយើងអោយថយក្រោយ។
ខាងក្រោមនេះជាការភ័យខ្លាចទាំង៥ដែលអ្នកត្រូវតែពុះពារដើម្បី
ឆ្ពោះទៅរកជោគជ័យពិតប្រាកដនៅក្នុងជីវិត៖
១៖ ខ្លាចការរិះគន់
មនុស្សជាច្រើនមិនហ៊ានបោះជំហានសំដៅទៅសម្រេចក្ដីសុបិនរបស់
ខ្លួនទេ ព្រោះតែខ្លាចអ្នកដទៃនិយាយពីពួកគេ។
បុគ្គលមួយចំនួនមានគំនិតបើកជំនួញដ៏ល្អ
ប៉ុន្តែក្រោយពីមានការផ្ដល់យោបល់ និងបង្អាក់ទឹកចិត្ត
គេចាប់ផ្ដើមគិតដល់ថ្ងៃដែលគេបរាជ័យនៅក្នុងមុខជំនួញនោះ
គិតដល់អ្នកផ្ដល់យោបល់ទាំងនោះនឹងគិតយ៉ាងណាចំពោះគេ។
ប៉ុន្តែដើម្បីឆ្លងកាត់ការភ័យខ្លាចនេះអ្នកគួរតែគិតត្រលប់មកវិញ
ថា ចុះបើអ្នកជោគជ័យនៅក្នុងមុខជំនួញនោះ
តើពួកគេនឹងគិតយ៉ាងណាទៅវិញ។
ត្រូវហើយគ្មាននរណាអាចជោគជ័យគ្រប់រឿងនោះទេ
ដូច្នេះហេតុអ្វីអ្នកមិនស្ដាប់តាមគំនិតខ្លួនឯង
សុបិនខ្លួនឯងហើយបោះពួយអោយសំដៅទៅគោលដៅនោះ?
២៖ ខ្លាចភាពក្រីក្រ
ឃ្លានេះអាចស្ដាប់ទៅធ្វើអោយច្រឡំ
ព្រោះមនុស្សខ្លាចភាពក្រីក្រនឹងប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន
ប៉ុន្តែនៅក្នុងន័យនេះការដែលអ្នកខ្លាចភាពក្រីក្រធ្វើអោយអ្នក
រារែក ឬមិនហ៊ានបោះទុនដើម្បីបើកអាជីវកម្ម
ឬបង្កើតក្រុមហ៊ុនក្នុងក្ដីសុបិនរបស់អ្នក។
ព្រោះតែការខ្លាចខាតបង់នេះហើយ
ទើបអ្នកមិនអាចបង្កើតអ្វីបានទាំងអស់
ហើយក្ដីសុបិនរបស់អ្នកក៏គ្មានថ្ងៃអាចសម្រេចបានដែរ។
៣៖ ខ្លាចអាយុចាស់ពេក
នៅក្នុងដំណាក់កាលមួយនៃជីវិតរបស់មនុស្ស
មនុស្សនឹងបោះបង់ក្ដីប្រាថ្នាជាច្រើនរបស់ខ្លួន
នេះជាការពិតរបស់ធម្មជាតិ។
ប៉ុន្តែតើអ្នកពិតជាចាស់ខ្លាំងពេករហូតមិនចង់សម្រេចក្ដីសុបិន
របស់អ្នក?
បុគ្គលមួយចំនួនធ្លាប់លើកឡើងនៅក្នុងការផ្លាស់ប្ដូរអាជីព
“ខ្ញុំធ្វើការផ្នែកធានារ៉ាប់រងពេញមួយជីវិតមកហើយ
ពេលនេះខ្ញុំអាយុ៤៦ឆ្នាំ តើខ្ញុំអាចទៅរៀនពីការងារអចលនទ្រព្យ
និងធ្វើការងារនោះអោយល្អបានដោយរបៀបណាទៅ?”
ទោះជាយ៉ាងណាក៏អ្នកមិនត្រូវយកកត្តាអាយុមកវាស់វែងនៅក្នុង
សមត្ថភាពការងារ ឬបើកអាជីវកម្មនោះទេ
ព្រោះអាយុពិតជាមិនសំខាន់ដល់ការជឿលើខ្លួនឯងឡើយ។
៤៖ ខ្លាចបរាជ័យ
ការភ័យខ្លាចនេះកើតឡើងភាគច្រើនទៅលើមនុស្សដែលចូលចិត្តសួរថា
“ចុះបើ”។ ហើយការសួរនោះសំដៅទៅលើផលអវិជ្ជមានដូចជា
ចុះបើវាមិនដំណើរការ? ចុះបើគ្មានអ្នកណាចូលចិត្ត? ចុះបើវាបរាជ័យ?
នេះជាសំនួរខុសសម្រាប់អ្នកដែលមានបំណងឆ្ពោះទៅរកជោគជ័យ។
ជំនួសអោយការគិតថាខ្លួនអ្នកបរាជ័យ
អ្នកអាចលើកទឹកចិត្តខ្លួនឯងពីរបៀបណាមួយដែលអ្នកអាចនឹងជោគជ័យ។
បើទោះជាអ្នកបរាជ័យ ឬធ្វើអោយមានកំហុស
វានឹងផ្ដល់ឱកាសអោយអ្នកបានឆ្លុះបញ្ចាំងឡើងវិញ
និងកែតម្រូវកំហុសនោះ។ អ្នកត្រូវតែបរាជ័យ មុននឹងជោគជ័យ។
បុគ្គលជោគជ័យល្បីល្បាញជាច្រើនសុទ្ធតែបរាជ័យម្ដងនៅក្នុងជីវិត។
ដូច្នេះកុំរារែក ឆាប់បោះជំហានសំដៅទៅសម្រេចក្ដីសុបិនរបស់អ្នកទៅ!
៥៖ ខ្លាចគេមើលមកដូចឆ្កួត
ពាក្យនេះដូចជាធ្ងន់បន្តិច
តែសម្រាប់មនុស្សសំដៅទៅសម្រេចគោលបំណងធំគួរតែទទួលយកពាក្យគេថា
យើងឆ្កួតនេះទុកក្នុងចិត្ត។ មនុស្សមើលរឿងតែមួយឃើញខុសគ្នា
ដូច្នេះការចាប់ផ្ដើមមួយដែលអ្នកគិតថា ល្អ និងអាចសម្រេចលទ្ធផលធំ
អ្នកដទៃមួយចំនួនអាចនឹងគិតថា
ការចាប់ផ្តើមកិច្ចការនោះគឺជារឿងឆ្កួត។
ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺ
សួរខ្លួនឯងថាអ្នកស្រលាញ់កិច្ចការនោះទេ
អ្នកចង់បានលទ្ធផលចុងក្រោយរបស់វាសម្រាប់ជីវិតរបស់អ្នកទេ
ប្រសិនបើអ្នកពិតជាស្រលាញ់ ហើយសុបិនចង់សម្រេចកិច្ចការនោះ
កុំខ្វល់រឿងគេថា អ្នកឆ្កួត
តែត្រូវបោះជំហានអោយលឿនទៅសម្រេចកិច្ចការក្នុងក្ដីស្រមៃរបស់អ្នក។
តើការភ័យខ្លាចទាំង៥នេះអ្នកកំពុងខ្លាចមួយណាខ្លះ?
អ្នកត្រៀមនឹងជម្នះវានៅក្នុងឆ្នាំ២០១៦នេះដែរទេ?
ជូនពរអោយដំណើរផ្សងព្រេងក្នុងជីវិតរបស់អ្នកទទួលបាជោគជ័យ!
