និយាយពីទំនាក់ទំនងស្នេហាហាក់ទូលំទូលាយពេកដើម្បីយើងអាចកំណត់ជា
គោលការណ៍ដើម្បីវាស់វែងពីលទ្ធភាពដែលអាចបាក់បែក ឬគង់វង្ស។
ទោះយ៉ាងណាប្រសិនបើ៤ចំណុចខាងក្រោមនេះត្រូវនឹងស្ថានភាពក្នុង
ទំនាក់ទំនងរបស់អ្នក នោះវាគឺជាសញ្ញាណបញ្ជាក់ថា
ទំនាក់ទំនងរបស់អ្នកអាចនឹងគង់វង្សសម្រាប់រយៈពេលវែង។
ប្រសិនបើទំនាក់ទំនងរបស់អ្នកមិនមាន៤ចំណុចនេះទេ
អ្នកប្រហែលជាត្រូវស្វែងយល់បន្ថែមពីអារម្មណ៍នាពេលបច្ចុប្បន្ន
របស់អ្នក និងអ្វីដែលអ្នកអាចនឹងផ្លាស់ប្ដូរនៅថ្ងៃមុខ។
១៖ អ្នកចូលចិត្តគ្នាដោយត្រង់
ជាទូទៅមនុស្សចូលចិត្តអ្នកដែលមានចរិតស្រដៀងនឹងខ្លួន
បើទោះជាអ្នកនោះមានចរិតខុសប្លែកពីអ្នកដទៃបន្តិចក៏ដោយ។
ការដែលអ្នកចូលចិត្តគេតាមចរិតរបស់គេ
ហើយគេចូលចិត្តអ្នកតាមចរិតរបស់អ្នកមិនទាមទារការកែប្រែអ្វី
នោះវាគឺជាសញ្ញាណដ៏ល្អមួយនៅក្នុងទំនាក់ទំនងរបស់អ្នក។
២៖ ដៃគូរបស់អ្នកជាមនុស្សកក់ក្ដៅ អាចទុកចិត្តបាន អាចពឹងផ្អែកបាន
មនុស្សមានលក្ខខណ្ឌក្នុងការជ្រើសរើសដៃគូខុសៗគ្នា
មិនថាស្រីឬប្រុសទេ អ្នកខ្លះអោយតម្លៃទៅលើរូបរាង ជាជាងលុយ
ឬឋានៈ ចំណែកអ្នកខ្លះផ្ទុយមកវិញអោយតម្លៃទៅលើលុយ និងឋានៈ
ជាជាងរូបរាង។ ប៉ុន្តែទោះបើមានភាពខុសគ្នាយ៉ាងនេះក្ដី
មនុស្សស្ទើរតែគ្រប់គ្នាអោយតម្លៃ និងរើសដៃគូដោយផ្អែកទៅលើ
ភាពកក់ក្ដៅ អាចជឿទុកចិត្តបាន និងពឹងពាក់បាន។
៣៖ ដៃគូរបស់អ្នកមានស្ថានភាពប្រហាក់ប្រែលនឹងមិត្តភ័ក្ដិអ្នក
ការស្រាវជ្រាវបង្ហាញថា ស្នេហា មិនដើរតួជាប្រធានតែមួយមុខទេ
គឺជាកម្មបទដែរ។ សូម្បីតែមនុស្សមិនធ្លាប់ស្គាល់អ្នកសោះ
ក៏គង់នឹងយកដៃគូរបស់អ្នកទៅប្រៀបធៀបជាមួយនឹងមិត្ត
ឬអ្នកជុំវិញខ្លួនអ្នក។
បញ្ហាអាចនឹងកើតឡើងនៅក្នុងទំនាក់ទំនងស្នេហា
នៅពេលដែលដៃគូរបស់អ្នកហាក់ខុសប្លែកពេកពីមិត្ត
ឬមនុស្សជុំវិញខ្លួនអ្នក នេះយើងសំដៅទៅលើរូបរាង របៀបរស់នៅ ឋានៈ
ទ្រព្យ អត្តចរិត ភាពទាក់ទាញជាដើម។
ជារួមទៅ
ពេលដែលអ្នកមានដៃគូដែលមានស្ថានភាពប្រហាក់ប្រហែលនឹងមិត្តភ័ក្ដិ
និងមនុស្សជុំវិញខ្លួនអ្នក នោះទំនាក់ទំនងរបស់អ្នកនឹងរលូន
ហើយមានសក្ដានុពលសម្រាប់រយៈពេលវែង។
៤៖ ដៃគូរបស់អ្នកធ្វើអោយអ្នកមានអារម្មណ៍ល្អពីខ្លួនឯង
ជាការពិតមនុស្សត្រូវការទំនុកចិត្ត
និងការពេញចិត្តលើខ្លួនឯងគឺជារឿងសំខាន់។ ចុះបើដៃគូ
ឬមនុស្សជាទីស្រលាញ់របស់អ្នករួមចំណែកធ្វើអោយអ្នកមានទំនុកចិត្ត
និងពេញចិត្តលើខ្លួនអ្នកថែមមួយកម្រិតទៀតនោះ
អ្នកគិតថាបច្ច័យនេះរួមចំណែកក្នុងការសាងទំនក់ទំនងរយៈពេលវែងទេ?
តើ៤ចំណុចខាងលើ អ្នកមានប៉ុន្មានចំណុចនៅក្នុងទំនាក់ទំនងរបស់អ្នកនាពេលនេះ?
