Wednesday, May 11, 2016

vannak

មន្ទីរពេទ្យ​​ក្នុង​ព្រៃ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ


ខេត្តកំពង់ឆ្នាំង ៖ ក្រុម​សមត្ថកិច្ច​ចម្រុះ ក្នុង​នោះ​មាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ព្យាបាល​ជំងឺ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​លយ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។
លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​ព្យាបាល​តាម​ថ្នាំបុរាណ​ផង​និង​ថ្នាំពេទ្យ ​ផង​នេះ ឈ្មោះ តេះ សារី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ប៉ុន្តែ​បុរស​រូប​នេះ គ្មាន​សញ្ញាបត្រ ឬ​ច្បាប់​អនុញ្ញាត​ណា​ឱ្យធ្វើ​អាជីវកម្ម​បែប​នេះ​ឡើយ គឺជា​ការ​លួចលាក់​ព្យាបាល​ដោយ​ខុសច្បាប់ ។
កន្លង​មក បុរស​រូប​នេះ​ធ្លាប់​បាន​ទទួល​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​រួច​មក​ហើយ​ឃើញ​ថា​បាន​ស្ងប់ស្ងាត់​មួយ​ រយៈ ។ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​សេចក្តីរាយការណ៍​ថា បុរស​រូប​នេះ​នៅ​តែ​បន្ត​លួចលាក់​បើក​គ្លីនិក​ព្យាបាល​អ្នកជំងឺ​ទាំង​គ្មាន​ ឯកទេស​បន្ត​ទៀត ទើប​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​សុំ​ឆ្លង​យោបល់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត រួម​នឹង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ព្យាបាល​ជំងឺ​ខាងលើ​នេះ​តែ​ម្តង ។
លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បន្ត​ថា ក្រោយ​ពី​ការ​ឆែកឆេរ​កន្លែង​ព្យាបាល​ជំងឺ​ខាងលើ បាន​រក​ឃើញ​មាន​ខ្ទម​សម្រាប់​ឱ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​៣​កន្លែង និង​គ្រែ​សម្រាប់​អ្នកជំងឺ​ដេក​ចំនួន​១៦ មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​២​នាក់​មក​ព្យាបាល​យូរថ្ងៃ​ហើយ ។ ក្រៅពី​នេះ បាន​រក​ឃើញ​រណ្តៅ​ដី​១៨​កន្លែង​សម្រាប់​ដុត​កប់​សម្បក​ថ្នាំ សឺ​រ៉ាំ​ង និង​ម្ជុលចាក់​ថ្នាំ​គ្រប់​ប្រភេទ ដែល​បាន​ប្រើប្រាស់​ហើយ ។
ក្នុង​ករណី​ខាងលើ​នេះ បុរស​ឈ្មោះ តេះ សារី ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​គឺ​មាន​កំហុស ៖
១-​រំលោភច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​លើ​ការ​ប្រកប​របរ​វិជ្ជាជីវៈ​ឯកជន ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វិ​ជ្ជ​សាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ (​បើក​កន្លែង​ព្យាបាល​ជំងឺ​) ។
២-​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការ​ គ្រប់គ្រង​ឱសថ ដោយ​ប្រើប្រាស់​ឱសថ​សម័យ និង​ឱសថ​បុរាណ​លាយឡំ​គ្នា និង​បើក​សេវា​ព្យាបាល​នៅ​ក្នុង​ខ្ទម​ក្នុង​ព្រៃ​ខុស​លក្ខណៈ​បច្ចេកទេស ។
តាម​ផ្លូវច្បាប់​កំហុស​ទាំងនេះ​ស្ថិត​ក្នុង​បទលហុ ដែល​គ្រាន់តែ​អប់រំ​និង​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​បូម​ឈាម​ពី​អ្នកជំងឺ​តែ​មិន​បាន​យក​ទៅ​ពិនិត្យ​វិភាគ​ជំងឺ បែរជា​យក​ទៅ​បោះចោល ហើយ​មក​បោក​អ្នកជំងឺ​ថា​ឈឺ​នេះ​ឈឺ​នោះ​រួច​ព្យាបាល គឺជា​ករណី​បោកប្រាស់ ដែល​ជា​បទ​ព្រហ្មទណ្ឌ ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​នៅ​រសៀល​ថ្ងៃ​ដដែល​ភរិយា​បុរស​រូប​នេះ បាន​ដាក់​ពាក្យ​ប្តឹង​ចោទ​បុរស​ជា​ប្តី​ថា បាន​បង្ខំ​នាង​ឱ្យ​រំលូតកូន​ចំនួន​៧​ដង​រួច​មក​ហើយ ។ ការ​រំលូតកូន​នេះ​ក៏​ស្ថិត​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែរ​តែ​ត្រង់​ថា​ តុលាការ​ចោទ​ក្នុង​បទល្មើស​ណា​លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ចម្រុះ ជន​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​រូប​នេះ​និយាយ​ថា រូបគេ​ជា​គ្រួ​ពេទ្យ​របស់​ទាហាន ប៉ុ​ល ពត កាលពី​សម័យ​សង្គ្រាម មិន​ធ្លាប់​បាន​សិក្សា​ពី​ជំនាញ​ពេទ្យ​ណាមួយ​នោះ​ទេ គឺ​ព្យាបាល​ល​ជំងឺ​ដោយ​ឱសថ​សម័យ​លាយ​ជាមួយ​ឱសថ​បុរាណ​តាម​ចំណេះដឹង​ ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។
មន្ត្រី​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន ជន​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :