រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
កសិផលកម្ពុជាពីរប្រភេទ គឺម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ
ត្រូវបានទទួលស្គាល់លើគុណភាព និងលក់បានថ្លៃនៅលើទីផ្សារក្រៅប្រទេស
។ ចំណែកឆ្នាំនេះ ស្វាយកែវរមៀតកំពង់ស្ពឺ
ក៏កំពុងមានហាងឆេងនាំចេញទៅក្រៅប្រទេសផងដែរ ។លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺ បានមានប្រសាសន៍ថា ៖
« គិតចាប់ពីចុងឆ្នាំ២០១៥ រហូតមកដល់ពេលនេះ
យើងបាននាំចេញស្វាយកែវរមៀតប្រមាណជា១៥.០០០តោនទៅក្រៅប្រទេស
ដែលតម្លៃរបស់វានៅឆ្នាំនេះគ្រាន់បើជាងឆ្នាំកន្លងមក
ជាហេតុធ្វើឲ្យកសិករមានទឹកមាត់លេបជាងឆ្នាំមុនៗ ។ ពេលនេះ
ស្វាយកំពង់ស្ពឺបានបង្កើនការនាំចេញជាបន្ដបន្ទាប់ ។
បើគិតពីខែកញ្ញា ឆ្នាំ២០១៥ រហូតដល់ខែឧសភាឆ្នាំនេះ
យើងបាននាំចេញស្វាយចំនួន៣០ម៉ឺនតោនហើយ ទាំងស្វាយខុសរដូវ
និងស្វាយត្រូវរដូវ » ។
លោកបន្ដថា ៖ « ទីផ្សារនាំចេញស្វាយកែវរមៀតរបស់កម្ពុជា មានដូចជា
ប្រទេសថៃ ចិន និងវៀតណាម ជាដើម ។ បើតាមបទពិសោធន៍របស់ខ្ញុំ
នៅឆ្នាំនេះស្វាយខុសរដូវចាប់ពីខែកញ្ញា ដល់ខែឧសភា ទីផ្សារចិន
និងវៀតណាមនឹងមានសន្ទុះហក់ឡើងជាងទីផ្សារថៃ ដោយសារតែចិន
និងវៀតណាម ទទួលស្គាល់ពីគុណភាពរបស់អ្នកបញ្ជាទិញកាន់តែខ្លាំង
ព្រោះគេស្គាល់ច្បាស់ពីស្វាយរបស់ខ្មែរ » ។
សព្វថ្ងៃនេះ ស្វាយកែវរមៀតខុសរដូវមានតម្លៃមិនក្រោមពី១.៥០០រៀល
ទៅ១.៦០០រៀលទេក្នុង១គីឡូក្រាម
ខុសពីឆ្នាំមុនដែលមានតម្លៃត្រឹមតែ៥០០រៀល ទៅ៦០០រៀលតែប៉ុណ្ណោះ ។
ចំណែកស្វាយក្នុងរដូវ មានតម្លៃចន្លោះពី២.០០០រៀល
ដល់៤.០០០រៀលក្នុង១គីឡូក្រាម តែឆ្នាំមុនឲ្យតែដល់ខែនេះ(ឧសភា)
គឺតម្លៃធ្លាក់ចុះ ។ ស្វាយរដូវ គឺរាប់ពីខែមីនា រហូតដល់ខែឧសភា
ហើយស្វាយខុសរដូវ គឺចាប់ពីខែកញ្ញា រហូតដល់ខែមីនា ។ នៅពេលខាងមុខ
តម្លៃស្វាយខុសរដូវអាចនឹងរក្សាបានតម្លៃថេរ
ពីព្រោះតម្រូវការនៅលើទីផ្សារកំពុងមានការកុម្មង់ទិញច្រើន ។
សព្វថ្ងៃនេះ
យើងគ្មានស្វាយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ចូលក្នុងទីផ្សារទេ
គឺបូករួមទាំងស្វាយមកពីបណ្តាខេត្តដទៃទៀតជាមួយស្វាយ
ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែង បើតាមព័ត៌មានពីអ្នកបញ្ជាទិញនៅប្រទេសចិន គេប្រាប់ថា
ស្វាយកែវរមៀតដែលបាននាំចេញទៅនោះ គឺហូបមិនបាន៤ខេត្តរបស់គេផង
ខណៈប្រទេសចិនមានរហូតដល់ទៅ២០ខេត្ត ។
ប្រសិនបើចិនទទួលយកទៅផ្គត់ផ្គង់លើទីផ្សារ
ហើយខាងសហគមន៍បើកទទួលយកបន្ថែមទៀត
តើយើងត្រូវត្រៀមបរិមាណផ្ទៃដីប៉ុន្មានដើម្បីដាំសម្រាប់ផ្គត់ផ្គង់ ។
ដូចនេះ ស្វាយកំពង់ស្ពឺនឹងមានតម្រូវការធំ
ខណៈការនាំចេញជាមធ្យមបាន៥០តោន ទៅ៧០តោន ឬ១០០តោនក្នុង១ថ្ងៃ ។
លោក អ៊ិន ឆៃវ៉ាន បន្តទៀតថា ៖ «
ទន្ទឹមនឹងស្វាយកែវរមៀតកំពុងតែមានការគាំទ្រនៅលើទីផ្សារបរទេស
ខាងសមាគមក៏បានជំរុញការផ្សព្វផ្សាយដល់ប្រជាកសិករដាំស្វាយ
ដើម្បីទទួលយកអ្វីដែលជាបច្ចេកទេសផលិតឲ្យស្របនឹងគុណភាពស្តង់ដាផង
ដែឬ ។ ម្យ៉ាងទៀត
យើងកំពុងតែដោះស្រាយឲ្យកសិករបោះបង់ចោលនូវការប្រើប្រាស់ពពួក
សារធាតុថ្នាំកាបែនកាស៊ីនទៅលើដំណាំស្វាយបន្តទៀត
(ព្យាបាលជំងឺផ្សិត) ដើម្បីទប់ស្កាត់ ពីព្រោះថា
ថ្ងៃក្រោយខ្លាចមានសារាចរហាមឃាត់ណាមួយមិនឲ្យនាំចេញទៅប្រទេសរបស់
គេ ។ ថ្ងៃអនាគត សហគមន៍រំពឹងថា
ការនាំចេញនឹងអាចកើនរហូតដល់៥០ម៉ឺនតោន ខណៈជាក់ស្តែង
យើងទទួលបានតែ៣០ម៉ឺនតោន
ហើយទំហំផ្ទៃដីដាំស្វាយកំពង់ស្ពឺបច្ចុប្បន្នមានចំនួន៤៥.០០០ហិកតា
និងអាចកើនឡើងរហូតដល់៦ម៉ឺនហិកតានាពេលអនាគត » ៕
