រាជធានីភ្នំពេញ ៖ គិតត្រឹមដើមឆ្នាំ២០១៦
ចំនួនអ្នកជាវសេវាទូរស័ព្ទមានប្រមាណ២១លាននាក់
គឺស្មើនឹង១៣៩ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប ។ លើសពីនេះទៀត
ចំនួនអ្នកជាវសេវាអ៊ីនធើរណេតក៏មានការកើនឡើងផងដែរ
គឺមានប្រមាណ៦,៧លាននាក់ ស្មើនឹង៤៥%នៃប្រជាពលរដ្ឋសរុប ដែលញ៉ាំងឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២
នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ។
នេះបើតាមការថ្លែងរបស់លោក
ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង
ក្រុមហ៊ុន Huawei Technogies Co., LTD និងក្រុមហ៊ុន Star Digital MUD TV
Co., LTD ក្នុងគម្រោងវិនិយោគនិងកិច្ចសហប្រតិបត្តិការរួមគ្នា
ដើម្បីរៀបចំដំណើរការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា 4G/LTE
កាលពីព្រឹកថ្ងៃទី៩ ឧសភា នៅសណ្ឋាគារឡឺ រ៉ូយ៉ាល់ លោករដ្ឋមន្ត្រី
ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ៖ «
ដោយសារតែមានអ្នកជាវសេវាទូរស័ព្ទច្រើនបែបនេះ
បានធ្វើឲ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២
នៃចំនួនអ្នកជាវសេវាទូរស័ព្ទនៅក្នុងចំណោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ។
លើសពីនេះទៀត សេវាអ៊ីនធើរណេតក៏មានការកើនឡើងយ៉ាងគំហុកផងដែរ
ដោយគិតត្រឹមដើមឆ្នាំ២០១៦ មានអ្នកជាវសេវាប្រមាណជា៦,៧លាននាក់
គឺស្មើនឹង៤៥ភាគរយនៃចំនួនប្រជាជនសរុប » ។
លោករដ្ឋមន្ត្រីលើកឡើងថា ៖ « រាជរដ្ឋាភិបាលកម្ពុជា
មានគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ
តួយ៉ាងបច្ចេកវិទ្យាចុងក្រោយគឺ 4G/LTE ត្រូវបាន
អនុញ្ញាតឲ្យប្រតិបត្តិករទូរគមនាគមន៍ដាក់ប្រើប្រាស់ដើម្បីបម្រើសេវា
ជូនប្រជាពលរដ្ឋតាំងពី ឆ្នាំមុនមកម្ល៉េះ
ហើយសព្វថ្ងៃសេវាដ៏សម្បូរបែបនេះកំពុងតែជួយសម្រួលដល់អ្នក
ប្រើប្រាស់ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅរបស់ពួកគេ » ។
លោករដ្ឋមន្ត្រីបន្តថា ៖ « វិស័យទូរគមនាគមន៍/បច្ចេកវិទ្យា
គមនាគមន៍និងព័ត៌មាន
ជាអន្តរវិស័យដ៏មានសារសំខាន់សម្រាប់ពន្លឿនដល់ការអភិវឌ្ឍវិស័យ
ដទៃទៀត ។
ដោយឡែក នៅក្នុងក្របខ័ណ្ឌអាស៊ាន
វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រលើសមាហរណកម្ម
តំបន់ និងការតភ្ជាប់ ជាពិសេស
អីុនធើរណេតបាននិងកំពុងក្លាយជាចំណែកសំខាន់មួយនៃការកសាង
សហគមន៍ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងបានចូលរួមអភិវឌ្ឍន៍
និងកំណើននៃគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម និងសេដ្ឋកិច្ច » ។
លោករដ្ឋមន្ត្រីបន្ថែមថា ៖ «
កម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយដែលមានភាពប្រកួតប្រជែងរវាង
ប្រតិបត្តិករដទៃទៀតកាន់តែមានភាពតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ជាពិសេស
នៅពេលដែលកម្ពុជាបានផ្ដើមចូលជាសមាជិកសមាគមសេដ្ឋកិច្ចអាស៊ាននៅ
ដើមឆ្នាំ២០១៦នេះ ការប្រកួតប្រជែងវាជាបញ្ហា
ប៉ុន្តែវាក៏ជាឱកាសសម្រាប់ក្រុមហ៊ុនផងដែរ » ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ « ការវិនិយោគ
និងការរៀបចំដំណើរការនូវបច្ចេកវិទ្យាថ្មី 4G/LTE នេះ
មិនត្រឹមតែផ្តល់នូវឧត្តមភាពប្រកួតប្រជែងដល់ក្រុមហ៊ុនប៉ុណ្ណោះទេ
ប៉ុន្តែក៏អាចបង្កើននូវទំនុកចិត្តដល់អ្នកប្រើប្រាស់ដែលមានភាព
បត់បែនតាមសភាពការណ៍នៃការរីកចម្រើនរបស់សង្គមនាពេលបច្ចុប្បន្ន
និងនាំមកនូវកំណើនចំណូលសម្រាប់ក្រុមហ៊ុនផងដែរ » ៕
