Thursday, May 5, 2016

vannak

គម្រោង​អគារ​ពាណិជ្ជកម្ម និង​ស្នាក់​នៅកម្ពស់​៥៥​ជាន់​ចាប់ផ្តើម​បើក​ការ​សាងសង់

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ពាណិជ្ជកម្ម និង​ខុន​ដូ ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៥៨០​លាន​ដុល្លារ និង​មាន​កម្ពស់​៥៥​ជាន់ បាន​ចាប់ផ្ដើម​បើក​ការ​សាងសង់​ជា​ផ្លូវការ​ហើយដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ ឆ្នាំ​២០២០ខាង​មុខ​នេះ ។ អគារ​ពាណិជ្ជកម្ម និង​ខុន​ដូ​នេះ​ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មក​ពី​ប្រទេស​សិង្ហ​បុរី ។
លោក​ឧកញ៉ា សៀ រឹ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា Worldbrige Land ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ទៅ​លើ​អគារ​ទំនើប​មួយ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ ថ្ងៃ​ទី​៣ ឧសភា​ថា ៖ « ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជា​ពិសេស​វិស័យ​អចលនវត្ថុ ក្រុមហ៊ុន​បាន​និង​កំពុង​អនុវត្តនូវ​គម្រោង​មួយ​ចំនួន​។ ជាក់ស្ដែង​គម្រោង The Peak ដែល​ជា​គម្រោង​ស្ថិត​នៅ​ក្រោម​ការ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​មក​ពី​សិង្ហ​បុរី ដែល​មានបទពិសោធន៍​ក្នុង​វិស័យ​អចលនវត្ថុ​ជា​យូរ​មក​ហើយ ។ ក្រុមហ៊ុន​ធំ​ៗ​ទាំង​ពីរ​បាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​រួម​គ្នា ដោយ​បោះទុន​ប្រមាណ​ជា​៥៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​សាងសង់​អគារ​ នានា​តាម​ផែនការ​នៃ​គម្រោង​ដែល​ភាគ​ហ៊ុ​និក​បាន​ព្រមព្រៀង​ជា​ឯកច្ឆន្ទ » ។
លោក​ឧកញ៉ា​បន្ត​ថា ៖ «អគារ​ដែល​ត្រូវ​បាន​សាងសង់​នោះ គឺ​ក្រោម​ការ​វិនិយោគ​រួម​គ្នា​ដូច​ជា អគារ​ភ្លោះ​កម្ពស់​៥៥​ជាន់​ដ៏​ប្រណីត និង​សណ្ឋាគារ The Shangri La ដែល​មានកេរ្តិ៍ឈ្មោះ​នៅ​លើ​ពិភពលោក​យូរ​មក​ហើយ​នោះ​បាន មក​បោះ​ទីតាំង​មួយទៀត​នៅ​ប្រទេស​កម្ពុជា ។ គម្រោង​សាងសង់​នោះ ក៏​មាន​គម្រោង​ខុន​ដូ ដែល​មាន​ចំនួន​១.០១៤​យូ​នី​ត ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច និង​ទេសចរណ៍ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន» ។
លោក​ឧកញ៉ា​បញ្ជាក់​ថា ៖ «គោលបំណង​សំខាន់​របស់​លោក​នា​ពេល​នេះ គឺ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​លើក​ស្ទួយ​កិត្យានុភាព​ក្នុង​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​រាជធានី​ភ្នំពេញ ដែល​ជាទី​ក្រុង​បេះដូង​ក្នុង​របប​នយោបាយ​សេដ្ឋកិច្ច និង​សង្គមកិច្ច» ។
លោក ឈី​ង គៀត​វង់ ប្រធាន​អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Oxley International Holding., Ltd បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Worldbrigde Land សាងសង់​នូវ​អគារ​ខ្ពស់​មួយ​នេះ ។ Oxley គឺជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍ និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​សាំង​ហ្គា​ពួរ និង​ប្រទេស​ផ្សេង​ទៀត ហើយនឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​នោះ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​កាន់​រីក​ចម្រើន​ជា​បន្តបន្ទាប់​ទៀត» ។
លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​មួយ​ដែល​ក្រុមហ៊ុន​បរទេស​បាន​សហការ​ ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​ការ​អភិវឌ្ឍ​អគារ​ដ៏​ខ្ពស់​នេះ​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា ។ វា​ជា​ឱកាស​ដ៏​មាន​សក្ដានុពល​មួយ​របស់​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​វិនិយោគ​ នៅ​ក្នុង​ប្រទេស​យើង ហើយ​បើសិនជា​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​មិន​កាក់កប​ទេ​នោះ ប្រហែលជា​ក្រុមហ៊ុន​បរទេស​មិន​មក​វិនិយោគ​នោះ​ដែរ ។ ប្រទេស​កម្ពុជា​យើង​មាន​ស្ថានភាព​នយោបាយ និង​ស្ថិរភាព​ដ៏​រឹង​មាំ ដែល​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​សម្រាប់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស» ។
លោក​បន្ត​ថា ៖ «មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្ដែង តំបន់​ដែល​នឹង​សាងសង់​អគារ​ខ្ពស់ The Peak នេះ កាលពីមុន​ជា​តំបន់​ដែល​មិនសូវ​មាន​អ្នក​ណា​ហ៊ាន​ចូល​មក​ទេ ជា​កន្លែង​ឆ្អេះឆ្អាប និង​ជា​កន្លែង​ស្តុក តែ​ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់​ដែល​គួរ​ឱ្យ​ទាក់ទាញ​បំផុត​សម្រាប់​ ទេសចរណ៍ និង​ការ​អភិវឌ្ឍ» ។
លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អ្នកម៉ៅការ​សំណង់ ក៏​ដូច​ជា​ម្ចាស់​សំណង់​ទាំងអស់ សូម​ឱ្យធ្វើ​ទៅ​តាម​បទដ្ឋាន​ត្រឹមត្រូវ​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ ផ្សេង​ៗ​ទាំង​កម្មករ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផង​ដែរ ។
គួរ​បញ្ជាក់​ថា គម្រោង The Peak មាន​ជា​អគារ​ជា​ខុន​ដូ និង​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ ឈ្មោះ​ថា The Shangri-La រួម​ទាំង​អគារ​ការិយាល័យ​លក្ខណៈ​ទំនើប​ផង​ដែរ ។ ក្នុង​គម្រោង The Peak នេះ​ដែរ ក៏​មាន​ផ្សារ​ទំនើប​សម្រាប់​អ្នក​ស្នាក់​នៅ​ងាយស្រួល​ចេញចូល និង​ដើរ​កម្សាន្ត​ទៀត​ផង ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :