រាជធានីភ្នំពេញ ៖ ក្រោយពីលេចចេញរូបថតសិចស៊ីជាច្រើនសន្លឹកមក
ដេនី ខ្វាន់ រងការរិះគន់ខ្លាំងពីមហាជន ។
ទន្ទឹមនេះមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឱ្យដេនី
ខ្វាន់ កែទម្លាប់ក្នុងការស្លៀកពាក់
មុនពេលក្រសួងចេញវិធានការណាមួយចំពោះនាង ។
ប្រតិកម្មរបស់មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោយពីនាង
ដេនី ខ្វាន់
ស្លៀកពាក់សិចស៊ីជ្រុលហួសហេតុក្នុងពិធីខួបកំណើតប្អូនប្រុសរបស់នាង
កាលពីចុងសប្តាហ៍មុន ។
ឆ្លើយតបទៅនឹងការរិះគន់របស់មហាជន ដេនី ខ្វាន់ ចំអកថា
អ្នកទាំងនោះមានចិត្តចង្អៀតចង្អល់ពេក
និងជាមនុស្សខ្វះការពិចារណាទៅវិញ ។
អ្នករិះគន់ជាច្រើនស្នើឲ្យក្រសួងពាក់ព័ន្ធចេញគោលការណ៍
ឬកោះហៅតារាសម្តែងរូបនេះទៅព្រមានចំៗមុខ
ក្រោយពីសេចក្តីណែនាំអំពីការស្លៀកពាក់របស់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈទើបតែចេញមិនទាន់បាន២ខែផងនោះត្រូវនាងមិនអើពើ ។
នាង ដេនី ខ្វាន់ បានបញ្ចេញវីដេអូឃ្លីបមួយនៅថ្ងៃទី១០ ខែឧសភា
ឆ្នាំ២០១៦ និយាយឆ្លើយតបអ្នករិះគន់ថា
«នាងខ្ញុំនៅតែជាកូនខ្មែរម្នាក់
ហើយនាងខ្ញុំទទួលស្គាល់ពីការសិចស៊ីរបស់នាងខ្ញុំនាពេលកន្លងមក
ប៉ុន្តែការដែលនាងខ្ញុំស្លៀកពាក់សិចស៊ីនោះ
គឺមិនមែនស្លៀកពាក់ឡើងប៉ុស្តិ៍ទូរទស្សន៍ ឬថតភាពយន្តនោះទេ
ផ្ទុយទៅវិញគឺជាការស្លៀកពាក់សម្រាប់ពិធីខាងក្រៅផ្ទាល់ខ្លួន
ប៉ុណ្ណោះ មិនមែនដូចការយល់ឃើញពីមហាជនមួយចំនួននោះឡើយ ។
ចំពោះបងប្អូនមួយចំនួនដែលបានចោទប្រកាន់មកលើនាងខ្ញុំថា
ថតសិចស៊ីសម្រាប់ធ្វើស្រីខូច និងបង្អួតភ្នែកតាតានោះ
គឺនាងចង់បញ្ជាក់ថា
នាងខ្ញុំមិនមែនដល់ថ្នាក់ធ្វើជាស្រីបែបនោះដូចការយល់ឃើញរបស់
អ្នកទាំងអស់នោះឡើយ។ បច្ចុប្បន្ននាងខ្ញុំមានគ្រប់យ៉ាងទាំងផ្ទះ
លុយ ឡាន និងមានរបស់របរផ្ទាល់ខ្លួនក្រៅពីអាជីពសិល្បៈ
ហេតុនេះនាងខ្ញុំមិនខ្វល់ខ្វាយដល់ថ្នាក់ចង់ធ្វើស្រីខូចនោះឡើយ ។
ត្រង់ចំណុចនេះនាងខ្ញុំចង់ប្រាប់ដល់អ្នករិះគន់ទាំងនោះថា
មុននឹងនិយាយដូច្នេះត្រូវគិតពិចារណាផងថា
អ្នកទាំងនោះមានបងប្អូនជាស្រីឬអត់។ ចំណែកមួយទៀត
ការរិះគន់ទៅលើរូបនាងខ្ញុំថាបានចំណាយលុយខ្ជះខ្ជាយទៅទិញខោអាវ
ថ្លៃៗឥតប្រយោជន៍ មិនចំណាយមកជួយអ្នកក្រ នោះរឹតតែខុសស្រឡះថែមទៀត ។
កន្លងមកនាងខ្ញុំតែងតែចំណាយពេល
និងប្រាក់ផ្ទាល់ខ្លួនចុះទៅជួយប្រជាជនដែលមានភាពលំបាក
ហើយសកម្មភាពទាំងនោះមិនត្រូវបានអ្នកដែលចូលចិត្តរិះគន់នាងខ្ញុំ
មើលឃើញឡើយ ផ្ទុយទៅវិញនៅពេលដែលនាងខ្ញុំស្លៀកសិចស៊ីវិញ
គឺនាំគ្នារិះគន់ និងចែកចាយរូបភាពពីមួយទៅមួយទូទាំងប្រទេស ។
អ្វីដែលសំខាន់ទៀតនោះមានអ្នកខ្លះបានស្នើដល់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈឲ្យដកនាងខ្ញុំចេញពីវិស័យសិល្បៈថែមទៀតផង ។
ប្រសិនបើក្នុងករណីក្រសួងចង់ដកអ្នកណាមួយចេញពីវិស័យសិល្បៈនោះ
គឺប្រាកដជាមានការពិចារណាមួយច្បាស់លាស់
ថាតើតារារូបនោះបានធ្វើអំពើខុសឆ្គងអ្វីខ្លះ
ប៉ុន្តែសម្រាប់នាងខ្ញុំគឺគ្រាន់តែស្លៀកពាក់សិចស៊ីក្រៅសិល្បៈ
មិនមែនស្លៀកចូលវត្ត ឬឡើងប៉ុស្តិ៍ទូរទ្សន៍នោះឡើយ» ។
ទាក់ទិននឹងរឿងរបស់នាងដេនី ខ្វាន់នោះ កាលពីថ្ងៃទី១១ ឧសភា ២០១៦
លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា
«សិល្បករគួរតែភ្ញាក់រឭកដោយខ្លួនឯង
គួរតុបតែខ្លួនឲ្យសក្តិសមទៅនឹងពេលវេលា ទីកន្លែង
គឺកុំហួសហេតុពេក ។ មនុស្សគ្រប់រូបមិនថាតែសិល្បករទេ
រូបរាងមានខាងក្នុង និងខាងក្រៅ មានកិត្តិយស មានកេរ្តិ៍ខ្មាស
ប៉ុន្តែគួរកម្រិតឲ្យច្បាស់ខ្លួនឯងថាគួរមានកម្រិតណា ។
សិល្បករតែងតែរកអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍
ប៉ុន្តែមិនមែនមានតែការស្លៀកពាក់បែបលេចលើខើចក្រោមតែមួយមុខទេ
គ្រាន់តែការស្លៀកពាក់បែបសមរម្យ គឺជាសោភ័ណភាពមួយបាត់ទៅហើយ
មិនមែនមានតែការស្លៀកពាក់បែបរបូតរលូតនោះទេ ។ សិល្បករ
ម្នាក់ៗគួរតែយល់ថាសម្រស់ កិត្តិយស
វានឹងមិនអណ្តែតដោយសារតែការស្លៀកពាក់សិចស៊ី ឬរឿងអាស្រូវទេ
វានឹងជាន់ពន្លិចកេរ្តិ៍ឈ្មោះខ្លួនឯងទៅវិញ» ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ ដេនី ខ្វាន់ ថា
ការស្លៀកពាក់សិចស៊ីរបស់នាងមិនមែនជាការស្លៀកពាក់ឡើងឆាកដែលត្រូវ
រិះគន់ទេនោះ លោកថៃ នរៈសន្យា បញ្ជាក់ថា «មិនថាតែលើឆាកទេ
បច្ចុប្បន្ន ទីណាក៏មានទូរទស្សន៍ កាសែត ទស្សនាវដ្តី ដែរ
ព្រោះតែមនុស្សគ្រប់គ្នាមានទូរស័ព្ទ
ហើយនាងបង្ហាញខ្លួនជាសារធារណៈនៅក្នុងពិធីមួយ
ដូចនេះគេកាន់តែប្រុងប្រយ័ត្នជាងការសម្តែងលើឆាកទៅទៀត ។
បើមិនចង់ឲ្យមានការផ្សព្វផ្សាយជាសារធារណៈ
លុះត្រាតែនាងស្ថិតនៅក្នុងបន្ទប់តែម្នាក់ឯង» ។
ទោះជាយ៉ាងណាក្តី លោកថៃ នរៈសត្យា បញ្ជាក់ថា ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈនៅមិនទាន់ចេញវិធានការជាក់លាក់បន្ថែមថ្មីពីលើ
សេចក្តីណែនាំមុននៅឡើយទេ ។ ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈចង់ឲ្យសិល្បករព្យាយាមកែទម្លាប់ដោយខ្លួនឯង
គឺមានតែវិធានការថ្នាក់ថ្នម ដោយយល់ថាជាខ្មែរដូចគ្នា
ស្ថិតក្រោមឆត្ររបស់ក្រសួងវប្បធម៌
ដូចជាឪពុកម្តាយមិនអាចខុសដៃយកដៃ ខុសជើងយកជើងនោះទេ
គឺចង់ណែនាំឲ្យអស់លទ្ធភាព ។ ទោះជាយ៉ាងណាក្តី
ក្រសួងនឹងមានវិធានការផ្សេងពីនេះប្រសិនបើការណែនាំរបស់ក្រសួងមិន
មានការយកចិត្តទុកដាក់ពីសិល្បករនោះ ។តារាសម្តែង ដេនី ខ្វាន់
មិនអាចសុំការឆ្លើយតប់ជុំវិញប្រតិកម្មរបស់មន្ត្រីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈបានទេ ។ ទូរស័ព្ទរបស់នាង ដេនី ខ្វាន់
ត្រូវប្អូនប្រុសរបស់នាងលោកគឹម សាន្ត ជាអ្នកលើក ហើយបញ្ជាក់ថា
បងស្រីលោកដូរលេខទូរស័ព្ទកាលពីពេលថ្មីៗកន្លងមក
តែលោកមិនស្គាល់លេខនោះទេ ។កន្លងមកនាង ឆៃលី ដាឡែន
បាក់ស្បាតនឹងភាពសិចស៊ីរបស់ខ្លួនដោយត្រូវស្ថានីយទូរទស្សន៍នានាលែង
រាប់រកហៅសម្តែង ។ ឆៃលី ដាឡែន បានកែខ្លួន
និងព្យាយាមសូមទោសជាសាធារណៈម្តងហើយម្តងទៀត ទម្រាំមានឱកាសដូចដើម ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦
បានចេញសេចក្តីណែនាំមួយចំពោះសិល្បករ
សិល្បការិនីទាំងអស់ឱ្យប្រើប្រាស់សម្លៀកបំពាក់សមស្របតាម
ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ មានឥរិយាបថប្រកបដោយសីលធម៌ គុណធម៌
សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផផង់នៃដូនតាយើង ។
ក្រោយសេចក្តីណែនាំនោះមិនបានប៉ុន្មានផង ស្រាប់តែដេនី ខ្វាន់
លេងខ្លួនសិចស៊ីស្ទើរតែអាក្រាតល្វែងខាងលើ
ហើយថែមទាំងវាយប្រហារចំពោះអ្នករិះគន់ទៀត ៕
